ខេត្តព្រះវិហារ៖ លោក មិន ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ និងលោក ហេង កូយ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បាននាំយកអំណោយសប្បុរសធម៌របស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន តំណាងសហជីព និងបងប្អូនកម្មករនិយោជិត ចំនួន ៥៦០កញ្ចប់ ចែកជូនដល់ជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងវត្តទួលអណ្តែត ឃុំថ្មី ស្រុកគូលែន។
នាឱកាសនោះប្រធានមន្ទីរ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកទាំងអស់ និងសូមពរឱ្យមានសុខភាពល្អ និងឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញក្នុងពេលឆាប់ៗនេះ។
ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្ត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ជំនួយឧបត្ថម្ភជាបន្តបន្ទាប់ ដើម្បីសម្រាលទុក្ខលំបាករបស់ជនភៀសសឹកនៅក្នុងខេត្តព្រះវិហារ។សម្រាប់អំណោយដែលត្រូវចែកជូនក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ, ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ ប្រេងឆា មី ថ្នាំសង្កូវ និងខោអាវផងដែរ៕

