ប្រធាន IPA ជំរុញឱ្យអ្នក​សារព័ត៌មាន ចូលរួមប្រយុទ្ធប្រ​ឆាំងនឹងព័ត៌​មាន​បែបញុះញង់ បំបែកបំបាក់​ខ្មែរ ឬមានចេ​តនាផ្តួល​រំលំរាជរដ្ឋាភិ​បាលស្រប​ច្បាប់

ភ្នំពេញ៖លោកបណ្ឌិត ទូច វណ្ណៈ ប្រធានស​មាគមសម្ព័ន្ធសា​រព័ត៌​មានឯករាជ្យ (IPA) ជំរុញឱ្យអ្នក​សារព័ត៌មា​នជាស​មាជិករបស់​សមាគមទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំ​ងនឹងព័ត៌​មានបែបញុះញង់ បំបែកបំបាក់សាម​គ្គីជាតិខ្មែរ ឬមានចេ​តនាផ្តួលរំលំ​រាជរដ្ឋាភិបា​លស្របច្បាប់។ ការជំរុញរ​បស់លោក​បណ្ឌិត​នេះ ធ្វើឡើងក្នុង​កិច្ចប្រជុំ​ប្រកា​សទទួលស្គាល់​សមា​សភាពក្រុម​ប្រឹក្សាភិបាល នៃសមាគម​សម្ព័ន្ធសា​រព័ត៌​មានឯករាជ្យ នៅភោ​ជនីយដ្ឋាន​ឆៃកឺ នាព្រឹកថ្ងៃទី​១៨ ខែមករា ឆ្នាំ២០២៦។

ក្នុង​នាមជាប្រធានសមាគម IPA លោកបណ្ឌិត ទូច វណ្ណៈ បានវាយតម្លៃខ្ពស់ចំពោះកិ​ច្ចខិតខំប្រឹង​ប្រែងរបស់​បងប្អូនអ្ន​កសារព័​ត៌មាន និងបណ្តាអង្គ​ភាពសារព័ត៌មានជាសមាជិកទាំងអស់ ក្នុង​ការបំពេ​ញបេសកកម្មផ្តល់ព័ត៌​មានពិត ជូន​ដល់សាធារណជន ពិសេស​ក្នុងដំណាក់កាលដែលកម្ពុជា ប្រឈ​មនឹងការឈ្លានពា​នពីសំណា​ក់កងទ័ពថៃ។ ជាមួយគ្នានេះ​ លោកបណ្ឌិត កត់សម្គាល់ថា ក្នុងបរិបទ​ដែលពិភព​លោក កំពុងជួបប្រទះនឹង​លំហូរព័ត៌មា​នឥតដែនកំណត់ ដោយសារតែការរីក​ចម្រើន​នៃបច្ចេកវិ​ទ្យាឌីជីថល ពិសេស​ការប្រើប្រា​ស់បណ្តាញទំនាក់ទំនងសង្គម យើងសង្កេ​តឃើញថា មានការប៉ុ​នប៉ងប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយក្នុងផ្លូវខុស ដើម្បីបម្រើឱ្យរបៀ​បវារៈទុច្ចរិត ពិសេស​មានចេត​នាបំបែកបំបាក់សាមគ្គីភាពរវាងខ្មែរ និងខ្មែរ ក៏ដូចជាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកប​ណ្ឌិត ទូច វណ្ណៈ បានអំពាវនាវដល់ប​ងប្អូនអ្នកសារព័ត៌មាន ជាសមាជិករបស់ស​មាគម​សម្ព័ន្ធ​សារព័ត៌មានឯករាជ្យ ទាំងអស់ចូលរួមចំណែក៖

ទី១. ប្រ​ឆាំងដាច់ខា​តចំពោះ​ព័ត៌មានញុះញង់ ៖ ត្រូវរួមគ្នាទប់ស្កាត់រាល់​ខ្លឹមសារដែលបង្កឱ្យមា​នការស្អប់​ខ្ពើម ការបំបែក​បំបាក់សាមគ្គីភាពជាតិ និងការរើសអើង ដែលអាចនាំឱ្យមាន​អស្ថិរភា​ពក្នុងសង្គមជាតិ។

ទី២. ការពា​រសន្តិភាព​ និងរាជរដ្ឋាភិបាលស្របច្បាប់ ៖ ក្នុងនាមជាសសរស្តម្ភទី៤ នៃលទ្ធិប្រជា​ធិបតេយ្យ យើងមា​នកាតព្វកិច្ចការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពី​ការបោះឆ្នោតតាម​ឆន្ទៈរបស់ប្រជាពលរដ្ឋ។ យើងមិនត្រូវបណ្តោយឱ្យស្ថាប័នសារព័ត៌មាន ក្លាយជាឧប​ករណ៍​សម្រាប់ក្រុមជនអគតិដែលមានចេតនាផ្ដួលរំលំរាជរដ្ឋាភិបាល ឬបង្កចលាចល​នោះឡើយ។

ទី៣. ពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈ ៖ មុននឹងចុះផ្សាយ ឬចែករំលែកព័ត៌មានណាមួយ ត្រូវប្រកាន់​ខ្ជាប់នូវគោ​លការណ៍ ពិត តុល្យភាព និងគ្រប់ជ្រុងជ្រោយ។ ចៀសវាងការប្រើប្រាស់ពាក្យពេចន៍ អុជអាល ឬការបំ​ផ្លើសការពិត ដើម្បីតែផ​លប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមបក្សពួក។

ទី៤. បណ្តុះស្មារតី​អក្ខរកម្មព័ត៌មាន ៖ ជួយអប់រំ និងណែនាំសាធារណជន ឱ្យចេះវិភាគ វាយត​ម្លៃព័ត៌មា​ន និងកុំឱ្យជឿលើ ព័ត៌មានក្លែងក្លាយ” (Fake News) ដែលមានបំណងបង្កភាពភ័យខ្លាច ឬការយល់​ច្រឡំ។

ប្រធានស​មាគមសម្ព័ន្ធសារព័​ត៌មានឯករាជ្យ ក៏បានសង្កត់ធ្ងន់ថា សេរីភាពសា​រព័ត៌មាន ត្រូវដើរ​ទន្ទឹមនឹ​ង​ការទទួលខុស​ត្រូវចំពោះ​មុខច្បាប់ និងសី​លធម៌សង្គម។ ការរក្សាសន្តិភាព និងឯកភាពជាតិ គឺជាគ្រឹះមិន​អាចខ្វះបានសម្រាប់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិយើង”។

ពីវេទិកានៃកិច្ចប្រជុំរប​ស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) នោះដែរ លោកបណ្ឌិត ទូច វណ្ណៈ ក៏បាន​រម្លឹកឱ្យអ្នកសារព័ត៌មាន និងបណ្តាអង្គភាពសារព័ត៌មានជាសមាជិកទាំងអស់ ចូលរួ​មផ្សព្វ​ផ្សាយឱ្យ​បានកាន់តែ​ខ្លាំងក្លាបន្ថែមទៀត នូវរា​ល់វិធានការចំពោះមុខដែលរាជរដ្ឋាភិបាល បា​នដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំង​នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្នុងន័យ​បង្ហាញអំពីកិច្ចខិត​ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងបទល្មើស Online Scams និងដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត ដែលបណ្តាញផ្សព្វផ្សា​យបរទេសមួយចំនួន បានផ្សព្វផ្សាយ បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា នាពេល​កន្លងមក។

ជាចុងបញ្ចប់ លោ​កបណ្ឌិត ទូច វណ្ណៈ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនសមាជិក IPA ទាំងអស់​នឹងបន្តជាអ្នកនាំសារដ៏ស្មោះត្រង់ និងជាខែលដ៏រឹងមាំក្នុងការការពារសុខសន្តិភាព និងស្ថិរភា​ពនៃមាតុភូមិកម្ពុជា ជាទីស្នេហានៃយើង៕

Leave a Reply

Your email address will not be published. Required fields are marked *