ខេត្តកំពង់ចាម៖ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកព្រៃឈរ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម។
តាមការបញ្ជាក់របស់ជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម ឲ្យដឹងថា ការចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រខាងលើ ជំនាញបានរុះរើ បំផ្លាញចោល និងដកហូតឃាត់ទុកនូវឧបករណ៍ខុសច្បាប់ ជារួមមាន ៖
ករណីទី១ នៅចំណុចទំនប់រលំពោធិ៍ ឃុំមៀន ស្រុកព្រៃឈរ មាន៖ ឧបករណ៍លូស្បៃមុង ចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៣៦៥ម៉ែត្រ បង្គោលចំនួន ១៨៥ដើម ចាក់លែងត្រីចម្រុះទម្ងន់ ១៥គីឡូក្រាម ។
ករណីទី២ នៅចំណុចបឹងកេះ ឃុំមៀន ស្រុកព្រៃឈរ នេសាទដោយឧបករណ៍ឆក់ (ឆក់ត្រី) ដោយជនសង្ស័យបានរត់គេចខ្លួនបាត់ បន្សល់ទុកនូវវត្ថុតាង រួមមាន៖ ឧបករណ៍ឆក់ត្រី (អាំងវែកទ័វ) ចំនួន ០៣គ្រឿង កន្រ្តងភ្ជាប់ខ្សែភ្លើងចំនួន ០៣គ្រឿង ។
ប្រភពខាងលើ ក៏បានធ្វើការអះអាងដែរថា ជាទិសដៅ ក្រុមការងារនៅតែបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាស្រុក នៅក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទ ឲ្យឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ៕

