(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង១២និង០៥នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ១–ឈ្មោះ ចាប ចំរើន ហៅ មើន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ, ២–ឈ្មោះ ហង្ស រស្មី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ,៣-ឈ្មោះ ឈុំ ចំរើន ហៅ ង៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ, ៤–ឈ្មោះ រ៉េត ដានិត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០១កញ្ចប់ធំ និង០៤ថង់កិប ទម្ងន់ ៦៩៣,៩ក្រាម, កញ្ចប់ម្ស៉ៅពណ៌លឿងមានរូបសេះពណ៌ក្រហម (អ៊ិចស្តាស៊ី) ចំនួន០១កញ្ចប់ ទម្ងន់ ៥,៥០ក្រាម, ម៉ូតូ ចំនួន០២គ្រឿង, ទូរស័ព្ទចំនួន ០៤គ្រឿង, ញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០២គ្រឿង រួមនឹងសម្ភារៈសម្រាប់ប្រាស់គ្រឿងញៀនមួយចំនួន ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

