(បន្ទាយមានជ័យ)៖លោក យឹម សំណាង អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងបើកបាឋកថាស្តីពី “រៀនដើម្បីក្លាយជាមនុស្សដែលសង្គមត្រូវការ” ជូនដល់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ។ពិធីនេះបានធ្វើឡើង កាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះតេជគុណ ពេជ្រ ចាន់សីហា ព្រះគ្រូចៅអធិការវត្តឃោសត្ថារាមស្រះត្រាច។
លោក យឹម សំណាង បានមានប្រសាសន៍លើកឡើងថា៖ពិធីនេះរៀបចំឡើងគឺដើម្បីអប់រំចិត្ត ក៏ដូចជាការលើកទឹកចិត្ត នឹងផ្ដល់ស្ដីសង្ឃឹមជូនដល់លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស ជាពិសេសតម្រង់ទិសនៅបំណិនជីវិតទៅថ្ងៃអនាគត។ ជាក់ស្តែងការជួយតម្រង់ទិសដល់ប្អូនៗក្នុងការជ្រើសរើសជំនាញឲ្យបានត្រឹមត្រូវក្នុងការស្វែងយល់អំពីកត្តាជោគជ័យក្នុងការងារ និងមុខរបរ នឹងការយល់ដឹងអំពីលក្ខណសម្បត្តិរបស់បុគ្គលជោគជ័យ សម្រាប់ជាជំនួយស្មារតីដល់ប្អូនៗក្នុងការរៀបចំអនាគតរបស់ខ្លួនឲ្យបានល្អប្រសើរព្រមទាំងបង្កើនភាពជាដៃគូ។
លោកបានបញ្ជាក់ថា៖ ការសិក្សានិងអប់រំនេះត្រូវចង់ភ្ជាប់គ្នាតែមួយ ដែលជាកត្តាសំខាន់ក្នុងពុទ្ធចក្រ និងអាណាចក្រ ក្នុងការអប់រំទូន្មានចិត្ត ការបើកចិត្តទទួលយកចំណេះ គិតវិភាគត្រិះរិះឲ្យទាល់តែយល់ ការរៀនត្រូវតែនាំទៅដល់ការអនុវត្តប្រើប្រាស់ទៅរកភាពចម្រើនជឿនលឿន ក្នុងផ្លូវល្អផ្លាស់ប្ដូរឬទស្សនៈនិងការលើកតម្លៃ។
ដើម្បីបាននូវពុទ្ធិបន្ថែមព្រះតេជគុណ ពេជ្រ ចាន់សីហា ព្រះគ្រូចៅអធិការវត្តឃោសត្ថារាម ស្រះត្រាច បានផ្តល់ឱវាទដល់ដើម្បីបំភ្លឺផ្លូវចិត្ត និងផ្ដល់ជាទិសដៅជីវិតដល់មិត្តនិស្សិតទាំងអស់។ដើម្បីជាការតម្រង់ទិសក្នុងការរៀបចំគោលដៅសិក្សាឲ្យទទួលបានជោគជ័យ។ក៏ដូចជាពាក្យទូន្មាន នៅសេចក្តីពេញចិត្ត សេចក្តីព្យាយាម ត្រូវមានការយកចិត្តទុកដាក់ ការត្រិះរិះ ប្រកបដោយបញ្ញា និងសីលធម៌។ បញ្ចប់នៃកម្មវិធីគណៈអធិបតីក៏បានឲ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានសួរនៅសំណួរ និងបានធ្វើការបកស្រាយបំភ្លឺផងដែរ៕

