(បន្ទាយមានជ័យ)៖ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈឿន ក្រៃយ៉ុង អភិបាលរង ខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៥ នៅបរិវេណសាលាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ពិធីនេះបានធ្វើឡើងនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរង ខេត្តបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលស្រុកម៉ាឡៃ ក្រុមប្រឹក្សាស្រុក ឃុំ មេភូមិផងដែរ។
ថ្លែងនៅក្នុងឱកាសនោះលោក ឈឿន ក្រៃយ៉ុង មានប្រសាសន៍លើកឡើងពីរការរីកចម្រើន របស់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់លើគ្រប់វិស័យ រហូតដល់ថ្នាក់មូលដ្ឋាន ដែលទាំងនោះ រួមមានវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងវិស័យផ្សេងៗ ជាច្រើនទៀត ពិសេសការផ្តល់សេវាសាធារណៈជាដើម ដែលទាំងនេះ ក៏ដោយសារការដឹកនាំដ៏តត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយ ដឹកនាំច្បាស់លាស់ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការដាក់ចេញនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការអនុវត្តតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអនុម័តនៅឆ្នាំ១៩៩៣។គោលបំណងសំខាន់នៃ គោលនយោបាយនេះគឺ ១)ការកែលំអនូវប្រព័ន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញ ដល់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ២)ការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋាន និង៣)ការរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជា។រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញឲ្យឃើញនូវឆន្ទៈដ៏មោះមុត និងជាការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងកិច្ចដំណើរការកំណែទម្រង់នេះ ដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ថា៖ បញ្ហាប្រឈម និងការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកម៉ាឡៃ សរុបចំនួន៩ ក្នុងនោះពាក់ព័ន្ធទៅនឹងបញ្ហា៖ ១,ការងារសន្តិសុខសម្រាប់ធ្នាប់សង្គម អត់មាន ២,ការងារអភិវឌ្ឍន៍មូលដ្ឋាន៤ និងការងារផ្សេងៗ ៥សំណូមពរបញ្ហា បានធ្វើការដោះស្រាយ និងបំភ្លឺ ៦បញ្ហា និងសំណូមពរក្នុងនោះត្រូវបានថ្នាក់ដឹកនាំខេត្តនិងមន្ទីរជំនាញពាក់ព័ន្ធអាជ្ញាធរឃុំ បានឡើងធ្វើការដោះស្រាយ និងបំភ្លឺជូន ចំណែកបញ្ហាដែលនៅសេសសល់ និងបន្តធ្វើការដោះស្រាយជូនពួកគាត់។
ក្នុងឱកាសនោះក៏បានប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំនួន ២រូប៖
១–លោក ហេង ញ៉ លំដាប់លេខរៀងទី២នៃបញ្ជីលទ្ធផលបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជំនួសលោក ឈឹម ប៊ុននី(ស្លាប់)។
២– លោកស្រី ទូច និរា លំដាប់លេខរៀងបម្រុងទី១នៃបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាស្រុកម៉ាឡៃ ខេត្តបន្ទាយ មានជ័យ ជំនួសលោក ហេង ញ៉៕

