ខេត្តបន្ទាយមានជ័យ៖ក្រោយពីសិក្ខាកាម មកពី២៣ រាជធានី ខេត្ត រៀនវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល និងសុខភាពផ្លូវចិត្តនិងចិត្តសាស្ត្រសង្គមអស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បន្ទាយមានជ័យជាម្ចាស់ផ្ទះ អស់រយៈពេល ៥ថ្ងៃរួចមកគេសង្កេតឃើញថា សិក្ខាកាមទាំងអស់មានការយល់ដឹងពីសុខភាពផ្លូវចិត្ត និងចិត្តសាស្ត្រសង្គម ពិសេសចំពោះបងប្អូនជាជនភៀសសឹកដែលកំពុងស្នាក់នៅបណ្ដោះអាសន្នទីសុវត្ថិភាពនៅក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលសុខភាពផ្លូវចិត្តនិងចិត្តសាស្ត្រសង្គមរយៈពេល៥ថ្ងៃកន្លងមកនេះពិតជាមានសារសំខាន់ ដល់សង្គមជាតិនិង បានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្ដុះបណ្ដាល ដែលមិនត្រឹមតែអាចផ្តល់នូវចំណេះដឹងដល់សិក្ខាកាមប៉ុណ្ណោះទេថែមទាំងផ្តល់នូវការចុះអនុវត្តជាក់ស្តែងដែលធ្វើឲ្យសិក្ខាកាមទាំងអស់ ទទួលបានចំណេះដឹងនិងបទពិសោធថ្មីពីការចុះអប់រំផ្សព្វផ្សាយសុខភាពផ្លូវចិត្ត ក៏ដូចជា ផ្តល់ឱកាសដល់ប្រជាពលរដ្ឋបាន បញ្ចេញមតិនិងបានដឹងពីគំនិតយោបល់និងអារម្មណ៍របស់ពួកគាត់ស្ថិតនៅក្នុងស្ថានភាពជាជនភៀសសឹកនាពេលនេះ។
ទន្ទឹមនឹងនេះ សូមមន្ត្រីបុគ្គលិកដែលបានក្លាយខ្លួនជាគ្រូបង្គោលសុខភាពផ្លូវចិត្តនិងចិត្តសាស្ត្រសង្គមនាពេលនេះ សូមបណ្តុះបណ្តាលបន្តដល់យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសារជាកម្លាំងដ៏សំខាន់នៅក្នុងសហគមន៍របស់យើង ដើម្បីឲ្យពួកគាត់ទទួលបាននូវចំណេះដឹងថ្មី និងយក ផ្សាយបន្តនៅក្នុងសហគមន៍រៀងៗខ្លួន៕

