ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ ២២ កុម្ភៈ លើកទី៧ ដែលធ្វើឡើងនៅសាលាខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើសុំដល់អធិការដ្ឋាននគរបាលខេត្ត អធិការនគរបាលស្រុក នៅពេលចុះពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋ សុំចែកជាពីរក្រុម ដើម្បីអន្តរាគមន៍ជួយសង្រ្គោះ អាយុជីវិតទាន់ពេលវេលា និងការពារ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ ស្នងការរដ្ឋាននគរបាលខេត្ត រៀបចំ បែងចែកដល់ក្រុមពន្លត់អគ្គីភ័យ នៅពេលចុះអន្តរាគមន៍ ចុះជួយពន្លត់អគ្គីភ័យ ត្រូវចែកជាពីរក្រុម ក្រុមទី១ ក្រុមពន្លត់អគ្គីភ័យ មានភារកិច្ច បាញ់ទឹកពន្លត់ភ្លើងឆេះផ្ទះ ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា សំខាន់ឬជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋឲ្យបានជាដាច់ខាត។
ដោយឡែកការរៀបចំ បែងចែក នៅតាមអធិការរដ្ឋាននគរបាល ក្រុង–ស្រុក ក្រុមទី២ គឺជា ក្រុមចាំប្រមូលរបស់របប ទ្រព្យសម្បត្តិ វត្ថុមានតំលៃ យកមករក្សាទុក ការពារយ៉ាងតឹងរឹង ឲ្យមានសុវត្ថិភាពខ្ពស់បំផុត ដើម្បីក្រោយពេលពន្លត់ភ្លើងឆេះ រួចរាល់ យកមកប្រគល់ជូនម្ចាស់ផ្ទះ ម្ចាស់ទ្រព្យសម្បត្ដិរបស់គាត់វិញ ព្រោះកាលណាមានគ្រោះអគ្គីភ័យហើយ ប្រៀបដូចជា អ្វីៗគ្រប់យ៉ាងក៏អស់ តាមអណ្តាតភ្លើង ដូច្នេះសុំឲ្យក្រុមពន្លត់អគ្គិភ័យ មានភាពស្មោះត្រង់ មានការទទួលខុសត្រូវ ធ្វើខ្លួនជាប៉ូលីសល្អ គំរូល្អ សម្រាប់ប្រជាពលរដ្ឋត្រូវការពេលមានអាសន្នកើតឡើង៕

