ខេត្តបន្ទាយមានជ័យ៖អំណោយរបស់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស បានផ្តល់ជូនតាម រយៈ ព្រះសមណៈញាណ ណាប់ ម៉ឺន ព្រះបាឡាត់ គណខេត្ត និងជាព្រះគ្រូចៅអធិការវត្តចម្ការខ្នុរ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រគល់ជូនដល់ វីរៈកងទ័ព ដោយផ្ទាល់នារសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ព្រះសមណៈញាណ ណាប់ ម៉ឺន បានមាន សង្ឃដីកាថា រាល់ សម្ភារៈអំណោយទាំងនេះគឺជាការចូលរួមពីទឹកចិត្តអាណិតស្រឡាញ់របស់សប្បុរសជនក្នុងនិងក្រៅប្រទេស ជាងនេះទៅទៀតក៏សូមអរគុណដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ វីរៈកងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការការពារបូរណភាពទឹកដី ពីពួកចោរសៀមឈ្លានពាន ។ សម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិភោគសម្រាប់ផ្តល់ជូន នេះរួមមាន ម៉ូតូចំនួន ១គ្រឿង អង្ករ៣០០គីឡូក្រាម មីយើង ១០ កេស កាហ្វេ ២០ កញ្ចប់ធំ ប្រហុកសាច់ ១២គីឡូក្រាម ផ្អកសាច់១២គីឡូក្រាម ត្រីងៀត ១០គីឡូក្រាម ត្រីខចំនួន ២កេសធំ ស្មើនឹង២០០ កំពុង ឆៃប៉ូវ ចំនួន៤កែវ ផ្ទាំង សូឡាខ្នាតធំ ១ផ្ទាំង អាគុយស្ងួត១ និងថវិកាចំនួន ៨០ម៉ឺនរៀល។
ព្រះអង្គបានបន្តថា ការផ្តល់ជូននូវអំណោយជាគ្រឿងឧបភោគបរិភោគសម្ភារៈនិងថវិកាមួយចំនួនក្នុងឱកាសនេះ គឺជាការលើកទឹកចិត្តរបស់សប្បុរសជន ខ្មែរជួយខ្មែរ ខ្មែរត្រូវតែខ្លាំង ទើបខ្មែរឈ្នះអស់មារសត្រូវពីការឈ្លានពានទឹកដី។ ជាក់ស្តែងសកម្មភាពរបស់កងប្រដាប់អាវុធថៃ ធ្វើឲ្យមានការប្រែប្រួលបរិយាកាសសន្តិសុខជុំវិញតំបន់ស៊ីវិល បង្កើតនូវស្ថានភាពថ្មី រំលោភបំពាន នៅទីតាំងជាក់ស្តែង ហើយនេះជាមូលហេតុធ្វើឲ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងទាំងរារាំងដល់ការវិលត្រឡប់របស់ ពលរដ្ឋខ្មែរទៅកាន់ផ្ទះសំបែងបំផ្លិចបំផ្លាញខ្ទេចខ្ទីស្ទើរគ្មានសល់ ពីពួកចោរឈ្លានពានបានធ្វើការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរួមមានវត្តអារាមមន្ទីរពេទ្យផ្សេងៗផងដែរ ។ ជាកិច្ចតបស្នងផងនោះ ប្អូនប្រុសដែលជាតំណាង វីរៈកងទ័ពជួរមុខ ក៏បានសម្តែងការ អរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនសប្បុរសជនក្នុងនិងក្រៅប្រទេសដែលតែងតែបាននាំយកនូវការឧបត្ថម្ភជាហូរហែជូនដល់កងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីហើយក៏សូមជូនពរដល់សប្បុរសជនចូលជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន រកស៊ីមានបាន សុខភាពល្អ៕

