បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំ ដាក់ចេញផែនការត្រួតពិនិត្យជនបរទេសឆ្លងកាត់ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ។កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអភិបាលរង ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង–ស្រុកពាក់ព័ន្ធផងដែរ។
ជាមួយគ្នានោះឯកត្តម អភិបាលខេត្ត ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់គ្រប់គោលដៅត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង រាល់ជនបរទេសដែលឆ្លងកាត់ចូលមកខេត្តបន្ទាយមានជ័យ ត្រូវពិនិត្យឯកសារពាក់ព័ន្ធរបស់ជនបរទេសទាំងអស់នោះ បើចូលមកបម្រើការនៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវសួរព័ត៌មានពាក់ព័ន្ធកន្លែងបំពេញការងារនៅទីតាំងណា ត្រូវមានការធានាពីម្ចាស់ក្រុមហ៊ុន ឬសហគ្រិះ ដើម្បីធានាឱ្យបាននូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។
សូមបញ្ជាក់ផងដែរថា ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការយ៉ាងមុតស្រួច ក្នុងការបង្ក្រាបប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញទូទាំងប្រទេស ក្នុងនោះរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការបន្ថែមនៅទីតាំងត្រួតពិនិត្យគ្រប់ច្រកល្ហក ត្រួតពិនិត្យជនបរទេសឆ្លងកាត់ចូលមកខេត្តបន្ទាយមានជ័យ ៕

