រដ្ឋបាលខេត្តប៉ៃលិន ណែនាំដល់​សមត្ថកិច្ច​ចុះបង្ក្រាប​បទល្មើសឆរ​បោកតាម​អនឡាញ ជាប្រចាំ​មិនឱ្យកើ​ត​មានក្នុ​ងមូល​ដ្ឋាន​ឡើយ

(ប៉ៃលិន)៖សមត្ថកិច្ចចម្រុះចុះឆែរឆេ​រទីតាំងមួយ​ចំនួន​កាល​ពីថ្ងៃ​ទី០៣ ខែកុម្ភះ ឆ្នាំ២០២៦ នៅតា​មស​ណ្ឋា​គារផ្ទះសំ​ណាក់ កាស៊ីណូ ដែលស្ថិតនៅ​ភូមិផ្សារ​ព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ​លិន

សមត្ថកិច្ចបា​នបញ្ជាក់ថា ក្រោយ​ពីមាន​ការណែ​នាំពី​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ប​ន្ត​ជំរុញឱ្យ​កម្លាំងសម​ត្ថកិច្ច ​និង​មន្ត្រីជំនា​ញ អាជ្ញា​ធរមូលដ្ឋាន ចុះអនុវត្តន៍អោ​យបានតឹងរឹងលើក​រណីបទល្មើស​នា​នា​មិនឱ្យកើ​តមានក្នុងមូលដ្ឋានជា​ដាច់ខាត

លោកជំ​ទា​វអភិបាលខេត្ត បាន​ជំរុញឱ្យកម្លាំងស​មត្ថកិច្ច និ​ងអាជ្ញាធរត្រូវអ​នុវត្តន៍ ការពង្រឹង​ការអ​នុវត្ត​ច្បាប់ និងការប​ង្ក្រាប ឲ្យបាន​ម៉ឺងម៉ាត់ ​ត្រូវតាមដា​ន និងស្រាវជ្រាវ ការកំណត់មុខសញ្ញា និងទី​តាំង ដែលសង្ស័យថា មានការបង្កប់នូវល្បែង​ស៊ីសងអនឡាញ ឬការឆ​បោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime)ហើយ​រាល់​បទល្មើ​សអនឡាញ ដែល​រកឃើញ ត្រូវចាត់វិធា​នការតាមផ្លូវ​ច្បាប់​ជាធរមា​ន ដោយ​មិនត្រូវមា​នការអន្តរាគម​ន៍ ឬយោគយ​ល់ឡើយ ដើម្បីរក្សាសន្តិសុខ ក្នុងខេត្ត។

អភិបា​លខេត្តបញ្ជាក់ថា កា​រចូលរួមពីអាជ្ញាធរមូលដ្ឋាន អាជ្ញាធរក្រុង ស្រុក ឃុំ/សង្កាត់ គឺជា​ភ្នែក​ច្រមុះ​ដ៏សំខាន់ គឺត្រូវចុះពិនិត្យតាមដានទីតាំងជួលផ្ទះ សណ្ឋាគារ ឬកន្លែងអាជីវកម្មផ្សេងៗ ដែលអា​ចផ្តល់ជម្រ​កដល់ក្រុមឧក្រិដ្ឋជន​អនឡាញ។

លោកជំទា​វ បាន ស្រីមុំ អភិ​បាលខេត្តប៉ៃលិ​ន ក៏បាន​ណែនាំ ឱ្យមា​នការផ្សព្វផ្សាយ ដល់ប្រជា​ពល​រដ្ឋក្នុងមូ​លដ្ឋាន កុំឱ្យចាញ់​បោកការអូ​សទាញ តាមរ​យៈការងារដែលមានប្រាក់ខែខ្ពស់ខុសធម្មតា ឬការវិនិយោគតាមអនឡាញ ដែលគ្មានប្រភពច្បាស់លាស់។ ជាមួយគ្នានេះ ត្រូវលើកទឹកចិត្ត ឱ្យប្រជា​ព​លរដ្ឋរាយការណ៍ជា​បន្ទាន់ដល់ស​មត្ថកិច្ច ប្រសិន​បើឃើញសកម្មភាពសង្ស័យណាមួយ នៅក្នុងសហ​គមន៍មូលដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *