(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាប់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០២នាក់ ១–ឈ្មោះ វ៉ើន សុវិន ហៅ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត បច្ចុប្បន្នរស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ (រក្សាទុក និងប្រើប្រាស់), ២–ឈ្មោះ ញឹម តុលា ហៅ ម៉េវ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់, កាន់កាប់អាវុធ) ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០១ថង់កិប ស្មើនឹង៨០គ្រាប់ ទម្ងន់៧,៦៤ក្រាម(ទម្ងន់សាច់ថ្នាំសុទ្ធ), គ្រឿងញៀនប្រភេទម្ស៉ៅ និងដុំក្រាមពណ៌សថ្លា (ICE) ចំនួន០៦ថង់កិប ទម្ងន់៧៧,៣៦ក្រាម, គ្រឿងញៀនប្រភេទម្សៅម៉ត់ពណ៌ស (កេតាមីន) ចំនួន ០១កូនថង់កិប ទម្ងន់១,៥៣ក្រាម , កាំបិតខ្វែវដងដែក ចំនួន០១ដើម ប្រវែង៦៥សង់ទីម៉ែត្រ, កាំបិតកែច្នៃ ចំនួន០១ដើម ប្រវែង៩៥សង់ទីម៉ែត្រ, រថយន្តចំនួន ០១គ្រឿង ម៉ាកកាមេរី ផលិតឆ្នាំ២០០៨ ពណ៌ស ផ្លាកលេខភ្នំពេញ2BX-0548, ម៉ូតូ ចំនួន០១គ្រឿង (ម៉ាកហុងដា PCX ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ផ្លាកលេខ ប.ជ 1F-3444 ចំនួន០១គ្រឿង, ទូរស័ព្ទចំនួន ០២គ្រឿង (ម៉ាក OPPO ពណ៌ខ្មៅ, ម៉ាក IPhone 13Promax ពណ៌ខៀវ) ប្រាក់ដុល្លា ចំនួន១,៤០០ដុល្លា (មួយពាន់បួនរយដុល្លា), ប្រាក់ខ្មែរ ចំនួន ២,៦១៤,០០០រៀល (ពីរលានប្រាំមួយសែនមួយម៉ឺនបួនពាន់រៀល), ប្រាក់ថៃ ចំនួន ១,០០០បាត (មួយពាន់បាត), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង, កាបូស្ពាយពណ៌ខ្មៅ ចំនួន០១, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, និងកាប់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបាន បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

