បន្ទាយមានជ័យ៖ គ្រឿងញៀនចំនួន១៤៨.៥ គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”។ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សុវណ្ណារិទ្ធិ អភិបាលខេត្តស្តីទី និងមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ និស្សិត–សិស្សានុសិស្ស យុវជន យ៉ាងច្រើនកុះករផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានអាននូវសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបានធ្វើការផ្សព្វផ្សាយ នូវខ្លឹមសារផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមរយៈគោលនយោបាយ “ភូមិ ឃុំ–សង្កាត់ មានសុវត្ថិភាព” និងផលអវិជ្ជមាននៃការប្រើប្រាស់ គ្រឿងញៀន និងផ្សព្វផ្សាយកម្មវិធី App NoDrug ទៅដល់គ្រប់ភាគីពាក់ព័ន្ធ បន្តផ្សព្ធផ្សាយឱ្យបានផុសផុលដល់មូលដ្ឋាន។ ដើម្បីបន្តនូវប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងដើម្បីឆ្លើយតបទៅនឹងប្រធានបទនៃទិវាដែលកម្ពុជាបានកំណត់ថា “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទ ថ្មី ប្រកបដោយភាពច្នៃប្រឌិត” ក្នុងនាមរដ្ឋបាលខេត្ត លោក លី សុវណ្ណារិទ្ធិ អភិបាលខេត្ត ស្តីទី ក៏បានដាក់ចេញនូវអនុសាសន៍ ចំនួន៦ចំនុច ៖ ១. គ្រប់អ្នកពាក់ព័ន្ធទាំងអស់ គប្បីបង្កើនការអំពាវនាវឱ្យបានកាន់តែទូលំទូលាយ និងបន្តនូវវប្បធម៌ដ៏ល្អប្រពៃដែលយើងបានបង្កើតឡើង គឺបំផុសចលនាជាតិ និងស្មារតីរួមសាមគ្គី ក្នុងការចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។ ២. ចំពោះយុវជន យុវនារី សិស្សានុសិស្ស និស្សិត គប្បីត្រូវបន្តពង្រឹងការសិក្សាអភិវឌ្ឍជំនាញ សីលធម៌ វិន័យ និងសមត្ថភាពឌីជីថលរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណវុឌ្ឍ ដើម្បីត្រៀម និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងត្រូវធ្វើជាគំរូល្អ ក្នុងការបដិសេធគ្រឿងញៀន បារីអេឡិចត្រូនិក និងអបាយមុខគ្រប់ប្រភេទ ព្រមទាំងចូលរួមផ្សព្វផ្សាយសារអប់រំដល់មិត្តភក្ដិ ក្រុមគ្រួសារ និងសហគមន៍។ ជំរុញលើកទឹកចិត្តដល់ សិស្សានុសិស្ស យុវជន យុវនារី ក្មួយៗ និងជនរួមជាតិទាំងអស់ ចាប់ផ្ដើមបំផុស គំនិតច្នៃប្រឌិត ថ្មីៗដែលអាចចូលរួមបម្រើដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានល្អថែមទៀត។ ៣. ចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងអនុវត្តច្បាប់គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្ត វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងបារីអេឡិចត្រូនិកឱ្យបានម៉ឺងម៉ាត់ ប្រសិទ្ធភាព និងស្របតាមច្បាប់ជាធរមាន។ ធ្វើការក្រើនរំលឹក និងណែនាំ បន្ថែមដល់ក្រុង–ស្រុកទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការងារបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវចុះអនុវត្តការធ្វើរដ្ឋបាលជាប់ប្រចាំ លើទីតាំង ដែលសង្ស័យ និងចាត់វិធានការរដ្ឋបាល និងច្បាប់ឱ្យបានតឹងរ៉ឹង ត្រូវដោះស្រាយទាន់ពេលរាល់បណ្ដឹង ពីករណីគ្រឿងញៀនដោយផ្ទាល់ ឬតាម App No Drugក្ដី ព្រមទាំងយកចិត្តទុក ដាក់រៀបចំសណ្តាប់ធ្នាប់ បរិវេណជុំវិញសាលារៀន និងគ្រឹះស្ថានសិក្សាឱ្យមានរបៀបរៀបរយចៀសវាងមានការប្រព្រឹត្តអំពើ អបាយមុខ និងការសេពគ្រឿងញៀន។
៤. គប្បីត្រូវមានគោលនយោបាយទឹកចិត្តដល់វិស័យឯកជន ក្រុមហ៊ុន គ្រឹះស្ថាន អង្គការជាតិ និងអន្តរជាតិនានា ដែលបានចូលរួមវិនិយោគជាមួយរដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ៥. អ្នកពាក់ព័ន្ធទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍ សម្អាតផ្ទះយើង និងសម្អាតចកចេញពីបឹង ដោយបន្តថែរក្សានូវ ស្មារតីជាតិទាំងមូល មិនត្រឹមតែនៅក្នុងស្ថាប័នរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែគឺជាគោលការណ៍រួម របស់សង្គមជាតិយើងទាំងមូល។ និង៦.ចំពោះមាតាបិតា និងអាណាព្យាបាល ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំ ថែទាំ និងតាមដានកូនចៅរបស់ខ្លួន ដោយចំណាយពេលវេលាគ្រប់គ្រាន់សម្រាប់ការសន្ទនា ការស្តាប់ និងការប្រឹក្សាជាប្រចាំ។ គ្រួសារគឺជារបងការពារដំបូង និងសំខាន់បំផុត សម្រាប់កុមារ និងយុវជន។ ដូច្នេះ មាតាបិតាត្រូវស្វែងយល់អំពីការវិវត្តរបស់កូនចៅ ទាំងផ្នែកការសិក្សា ទំនាក់ទំនងសង្គម និងសកម្មភាពលើបណ្ដាញអនឡាញ ដើម្បីអាចរកឃើញសញ្ញាប្រឈម និងអន្តរាគមន៍បានទាន់ពេលវេលា។ ការកសាងគ្រួសារឱ្យមានភាពកក់ក្ដៅ ស្និទ្ធស្នាល និងមានទំនាក់ទំនងល្អរវាងសមាជិក គឺជាកត្តាសំខាន់ណាស់ក្នុងការកាត់បន្ថយ ហានិភ័យ នៃការចូលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និងអបាយមុខផ្សេងៗ។
សូមបញ្ជាក់ថា ៖ គ្រឿងញៀនដែលនឹងត្រូវដុតបំផ្លាញ ត្រូវបានតុលាការចេញសេចក្តីសម្រេច បំផ្លាញចោលមានសាលក្រមចំនួន ១៥១ សាលក្រម/សាលដីកា មានសារធាតុញៀនដូចខាងក្រោម ១៖ ថ្នាំញៀនប្រភេទម្សៅក្រាម មេតំហ្វេតាមីន (ICE) មានទម្ងន់សរុប ៨៧.០០០,៥ (ប្រាំបីម៉ឺនប្រាំ ពីរពាន់ក្បៀសប្រាំ) ក្រាម, ២.ថ្នាំញៀនប្រភេទគ្រាប់អក្សរ WY មានចំនួន ៦៨.៨៦៨ (ប្រាំមួយម៉ឺនប្រាំបីពាន់ប្រាំបីរយហុក សិបប្រាំបី)គ្រាប់ មានទម្ងន់១២.០០០(មួយម៉ឺនពីរពាន់) ក្រាម, ថ្នាំញៀនប្រភេទ (កញ្ញាក្រៀម) មានទម្ងន់ចំនួន ៨.០០០(ប្រាំបីពាន់) ក្រាម។ ៤.ថ្នាំញៀនប្រភេទចម្រុះ (កញ្ចប់) មានទម្ងន់ចំនួន ៤១.០០០ (បួនម៉ឺនមួយពាន់)ក្រាម និង៥.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។ សរុបទាំងអស់មានចំនួន ១៤៨.០០០.៥ (មួយសែនបួនម៉ឺនប្រាំបីពាន់ក្បៀសប្រាំ) ក្រាម ស្មើនឹង ១៤៨.៥ (មួយរយសែសិបប្រាំបីក្បៀសប្រាំ) គីឡូក្រាម៕

