(បន្ទាយមានជ័យ) សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ឯកឧត្ដម កែ គឹមយ៉ាន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំសាខាបក្សភូមិ យុវជនគណបក្ស ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារធំថ្មីបូរីជ័យ២ (ផ្សារចំការតាដោក) ស្ថិតក្នុងភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱកាសនោះឯកឧត្ដម កែ គឹមយ៉ាន បានថ្លែងអំណរគុណដោយសេចក្តីស្រលាញ់ដ៍ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិទាំងអស់ដែលតែងតែផ្តល់ជំនឿជាក់និងការគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់អាណត្តិនៃរាជរដ្ឋាភិបាល។
ឯកឧត្ដម បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំដោយមិននឿយហត់របស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកាគណបក្ស វិស័យឯកជន វិស័យ សាសនា ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរដែនដីនិងអង្គភាពពាក់ព័ន្ធ ក្រុមការងារ និងសមាជិក សមាជិកាគណបក្សស្រុកមង្គលបូរី ដែលបានខិតខំចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាល ជាពិសេសការរួមសាមគ្គីគ្នាប្រកបដោយស្មារតីជាតិនិយម ជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋភៀសសឹក នៅតាមព្រំដែនកម្ពុជា-ថៃ និងការរួមគ្នាប្រយុទ្ធតតាំងនឹងកងទ័ពឈ្លានពានថៃក្នុងពេលកន្លងមកនេះ។
ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើថា៖ កម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពលនិងទស្សនៈវិស័យច្បាស់លាស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការបន្ត អនុវត្តមាគ៌ានយោបាយរបស់ សម្តេចតេជោហ៊ុន សែន អគ្គមគទេសដ៏ឆ្នើមនៃប្រជាជាតិកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា នៅតែសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រមាណ៤,២% ក្នុងឆមាសទី១ ឆ្នាំ២០២៦ និងការអភិវឌ្ឍគ្រប់វិស័យ។
ឯកឧត្តម សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានណែនាំដល់សមាជិក សមាជិកា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវការរពារដាច់ខាតសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ការពារជាតិ សាសនា ព្រះមហាក្សត្រ អធិបតេយ្យភាពជាតិ និងរាជរដ្ឋាភិបាលកម្ពុជា និងបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕

