បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពគម្រោង ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ ទីលានទុកដាក់សំរាមចាស់ និងទីលានទុកដាក់សំរាមថ្មី ក្នុងក្រុងសិរីសោភ័ណ ជាមួយមន្ត្រីបច្ចេកទេស។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៦។
នាឱកាសនោះឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ មានប្រសាសន៍ថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២នេះ និងធ្វេីឱ្យក្រុងមានភាពល្អប្រសើរឡើង តាមរយៈ កែរៀបចំទីលានទុកដាក់សំរាម ប្រកបដោយប្រសិទ្ធភាព ការរៀបចំបណ្តាញលូទឹកកខ្វក់ជាដើម ក្នុងការជួយលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយអនាម័យបរិស្ថាន និងជីវភាពរស់នៅប្រកបដោយផាសុកភាព។
ក្នុងនាមអាជ្ញាធរខេត្តឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណទៅដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ដែលកំពុងអនុវត្តនៅក្នុងក្រុងសិរីសោភ័ណ ដែលជិតនឹងបញ្ចប់នូវគម្រោងនេះនៅចុងខែមិថុនា ខាងមុខ ឯកឧត្ដម អភិបាល ខេត្តជម្រុញដល់ក្រុមហ៊ុន ដែលបានអនុវត្តគម្រោងពន្លឿន នៃការជួសជុលផ្លូវដែលគម្រោងបានអនុវត្តឱ្យបានឆាប់រួចរាល់មុនពេលគម្រោងត្រូវបញ្ចប់ ។ មួយវិញទៀតទាក់ទងទៅនឹងការគ្របគ្រងប្រព័ន្ធចម្រុះទឹកកខ្វក់ ឯកឧត្ដម អភិបាល ខេត្ត ក៏បានសំណូមដល់ក្រសួង ក៏ដូចជាជំនាញបច្ចេកទេស ត្រូវធ្វើការបណ្តុះបណ្តាញអ្នកជំនាញដែលគ្រប់គ្រងប្រព័ន្ធចម្រុះទឹកកខ្វក់ មុនបញ្ចប់គម្រោង ដើម្បីធានាថា ពេលចម្រុះទឹកកខ្វក់រួចមានសុវត្ថិភាព និងមិនប៉ះពាល់ដល់មច្ឆជាតិ។
ឆ្លើយតបទៅនឹងការសំណូមពរបស់អាជ្ញាធរខេត្ត ក្រុមហ៊ុនម៉ៅការកែលម្អប្រព័ន្ធទឹកកខ្វក់ ក៏បានធ្វើការសន្យាពន្លឿនការជួសជុលចំនុចដែលនៅសេសសល់ ឱ្យបានឆាប់រួចរាល់ មុនគម្រោងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ខាងមុខ។
សូមបញ្ជាក់ផងដែរថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ គឺបានសាងសង់ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ ដែលបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ១១ហិកតា ដែលនឹងគ្រោងឱ្យប្រើប្រាស់រហូតដល់ឆ្នាំ២០៤០ សម្រាប់ប្រជាជនប្រមាណជាង ១២៨ ២០៨នាក់ ដែលរស់នៅក្នុងសង្កាត់ម្កាក់ កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នៀត និងកោះពង់សត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

