ខេត្តបន្ទាយមានជ័យ៖ យោងតាមអនុក្រឹត្យលេខ 480អនក្រ.តត ស្ដីពីការផ្ទេរភារកិច្ចនិងតែងតាំង មន្ត្រីរាជការរាជរដ្ឋាភិបាល និងយោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេច មាត្រា១ ត្រូវបានផ្ទេរភារកិច្ចលោក លឿង សុភ័ក្ត ពីអភិបាលស្រុកស្វាយចេក ទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ មាត្រា២ ត្រូវបានតែងតាំង លោក ស៊ុត ង៉ុយ ឲ្យកាន់មុខតំណែងជាអភិបាលស្រុកស្វាយចេក ។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈភិបាលខេត្ត នាព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ បន្ទាប់ពីប្រគល់សេចក្ដីសម្រេច និងការប្ដេជ្ញារបស់លោក ស៊ុត ង៉ុយ រួចមក ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ចំពោះការតែងតាំងមន្ត្រីរាជការ ដូចជាដំណើរការជាប្រក្រតី សម្រាប់ការគ្រប់គ្រងមន្ត្រីរាជការ ក្នុងការបំពេញការងារប្រចាំថ្ងៃដោយអនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រង ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមានក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រងមន្ត្រីរាជការ បុគ្គលិករបស់រាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ យ៉ាងណាមិញ ការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរាជរដ្ឋាភិបាលធ្វើប្រតិភូកម្មអំណាចឲ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុកតាមរយៈអនុក្រឹត្យលេខ២៤០ អនក្រ.បក ឆ្នាំ២០១៧ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព បំពេញការងារ របស់មន្ត្រីបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។
កិច្ចការនេះរដ្ឋបាលខេត្ត តែងតែបាន អនុវត្តដោយសុក្រិតអនុលោមតាមបទដ្ឋានគតិយុត្ត ជាធរមានពោលគឺករណីតែងតាំង គឺត្រូវផ្អែកលើគោលការណ៍មុខតំណែង ដែលទំនេរដែលត្រូវបំពេញ ទន្ទឹមនឹងនោះក៏ត្រូវផ្អែកលើលក្ខណៈសម្បត្តិនិងឧបនិស្ស័យរបស់បុគ្គលដែលត្រូវតែងតាំងនោះដូចមានក្នុងព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែក នីមួយៗ ជាបុគ្គលិកប្រកប ដោយគុណវឌ្ឍន៍ មានសមត្ថភាពដឹកនាំ គ្រប់គ្រងមានគំនិតផ្ដួចផ្ដើម ក្នុងការអនុវត្តការងារ មានសាមគ្គីល្អ មានគុណធម៌ មានសុខភាពល្អ និងមានមនសិការវិជ្ជាជីវៈ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពលស្វាហាប់ ឈ្លាសវៃនិង មានចក្ខុវិស័យច្បាស់លាស់ វែងឆ្ងាយ របស់សម្តេចមហា បវរធិបតីតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ ព្រមទាំងបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ ដែលជាស្នូលនៃយុទ្ធសាស្ត្រនេះ គឺផ្ដោតលើការកែទម្រង់ និងពង្រឹងអភិបាលកិច្ចក៏ដូចជាទម្រង់ ស្ថាប័នរដ្ឋឲ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ជាមួយនឹងការអបអរសាទរចំពោះលោកអភិបាលស្រុក ដែលត្រូវបានទទួលនូវការតែងតាំងមុខតំណែងឲ្យចូលបម្រើការងារនៅកន្លែងថ្មីនេះ ឯកឧត្តមបានធ្វើការណែនាំ និងផ្តាំផ្ញើរកិច្ចការ សំខាន់ៗដែលត្រូវយកចិត្តទុកដាក់ ខិតខំអនុវត្ត ឲ្យបានល្អខ្ជាប់ខ្ជួន ម៉ឺងម៉ាត់និងប្រកបដោយការទទួលខុសត្រូវ៕

