(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក សាន ណារិន អនុប្រធានសាខា ប.ស.ស. ខេត្តបន្ទាយមានជ័យ បានអញ្ជើញបើកពិធីផ្សព្វផ្សាយស្តីពី គោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ដែលរៀបចំឡើងនៅសាលប្រជុំសាខា ប.ស.ស. ខេត្តបន្ទាយមានជ័យ ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ថ្លែងក្នុងឱកាសបើកពិធីផ្សព្វផ្សាយនេះលោក សាន ណារិន បានគូសបញ្ជាក់ថា ពិធីផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងកិច្ចសហប្រតិបត្តិការរវាង ប.ស.ស. និងតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលបានចូលរួមផងដែរនោះ ឱ្យកាន់តែមានភាពជិតស្និទ្ធ ព្រមទាំងផ្សព្វផ្សាយនូវវឌ្ឍនភាព និងព័ត៌មានសំខាន់ៗ អំពីបច្ចុប្បន្នភាពបទប្បញ្ញត្តិនៃការអនុវត្តរបបសន្ដិសុខសង្គម ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលថ្មីៗរបស់ ប.ស.ស. ដែលកំពុងប្រើប្រាស់ផងដែរ។
លោក អនុប្រធានសាខា បានសង្កត់ធ្ងន់ថា ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវចូលរួមបំពេញកាតព្វកិច្ចចុះបញ្ជីសហគ្រាស និងកម្មករនិយោជិត ព្រមទាំងបង់ភាគទានមក ប.ស.ស. ឱ្យបានត្រឹមត្រូវ ព្រោះជាកាតព្វកិច្ចស្របតាមច្បាប់ ដើម្បីធានានូវការការពារផលប្រយោជន៍ និងសិទ្ធិរបស់បងប្អូនកម្មករនិយោជិតរបស់ខ្លួន ប្រសិនបើម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ខកខានមិនបានចុះបញ្ជីស្របតាមច្បាប់ជាធរមាន នោះសហគ្រាសនឹងត្រូវប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់។
ជាមួយគ្នានេះលោក សាន ណារិន អនុប្រធានសាខា ក៏បានផ្ដាំផ្ញើ និងអំពាវនាវដល់តំណាងម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់ដែលបានចូលរួម នាពេលនេះ សូមជួយបន្តផ្សព្វផ្សាយនូវចំណេះដឹង និងព័ត៌មានសំខាន់ៗដែលទទួលបានក្នុងពិធីផ្សព្វផ្សាយនេះ ទៅកាន់បងប្អូនកម្មករនិយោជិតក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ របស់ខ្លួនឱ្យបានទូលំទូលាយ ដើម្បីឱ្យពួកគាត់បានយល់កាន់តែច្បាស់អំពីសិទ្ធិ និងអត្ថប្រយោជន៍ដែលត្រូវទទួលបានពីរបបសន្ដិសុខសង្គម ជាពិសេសជំរុញឱ្យបងប្អូនកម្មករនិយោជិតរបស់ខ្លួន ចេះប្រើប្រាស់ប្រព័ន្ធឌីជីថលថ្មីៗរបស់ ប.ស.ស. ដើម្បីធានាថាការទទួលបានសេវារបស់ ប.ស.ស. អាចធ្វើទៅបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

