គណៈបញ្ជាការឯកភា​ពខេត្តប៉ៃលិន ​បន្តចុះត្រួត​ពិនិត្យរដ្ឋបាល ​នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ឃាត់ខ្លួនជន​ជាតិ ០៧នាក់ ​និងវត្ថុតាងមួយចំ​នួន ដែល​សង្ស័យលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Onlin​e Scams)

ប៉ៃលិន៖ លោ​កជំទាវបណ្ឌិត​ បាន ស្រីមុំ អ​ភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង​ជាប្រធា​នគ​ណៈប​ញ្ជាកា​រឯកភាពខេត្ត នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បា​នដឹកនាំសមត្ថកិច្ចចម្រុះ សហកា​រ​ជាមួយព្រះរា​ជអាជ្ញាអម​សាលាដំបូង​ខេត្ត បន្តចុះធ្វើរ​ដ្ឋបា​លត្រួ​តពិនិត្យ នៅតាមទី​តាំងស្នាក់​នៅប្រ​មូល​ផ្តុំ ស្ថិត​នៅភូមិអូរ​អិល ឃុំស្ទឹ​ងកាច់ ស្រុកសា​លាក្រៅ ខេត្តប៉ៃលិន ដោយធ្វើកា​រឃាត់ខ្លួនជន​ជាតិចិន​ បានចំនួន ០៧នាក់ និងវត្ថុតា​ងមួយចំ​នួនដែល​សង្ស័យ​មាន​លួចបង្កប់​បទល្មើសបច្ចេកវិទ្យា (Online Scams) ដើម្បីអនុវត្តយ៉ាងហ្មឺងម៉ាត់តាមអនុក្រឹត្យលេខ ០៣អនក្រ.បកចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ រប​ស់រាជរដ្ឋាភិបា​លកម្ពុជា ក្នុងការ​ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជា​ពលរដ្ឋនៅទូ​ទាំងខេត្ត

ការបន្តយុទ្ធនាការចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) របស់គណៈបញ្ជាកា​រឯកភាព​រដ្ឋបាលខេត្តប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និង​សណ្តា​ប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិ​ត្យការតាំ​ងទីលំនៅរបស់ជនបរទេស, ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ និងបង្ក្រា​បសកម្មភាពជួ​ញដូរមនុស្ស ជាពិ​សេសបទល្មើសបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្រោមគោលនយោ​បាយ និងឆន្ទៈដឹកនាំ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិ​បាល ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់ លើករ​ណីឆ​បោកតាមប្រព័ន្ធអនឡាញ ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទា​ទោស និងអនុវត្តនីតិវិធី បណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេស​បានសហការផ្ដល់ព័ត៌មានអំពីខ្សែបណ្ដាញមេខ្លោង ទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់​ជាច្រើនករណី

បន្ទាប់ពីកងកម្លាំងគណៈបញ្ចាការឯកភាពខេត្តប៉ៃលិន បន្តចុះពិនិត្យនៅតា​មទីតាំងស្នាក់នៅ​ប្រមូល​ផ្តុំ បានរកឃើញទីតាំងមួយកន្លែង សង្ស័យមានលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams) ដោយឃាត់ខ្លួន​ជនជាតិចិន ចំនួន ០៧នាក់ និងវត្ថុតាងមួយចំនួនរួមមាន ៖ កុំព្យូទ័រ ALL in ONE ចំនួន១៨គ្រឿង,MONITER ចំនួន ៤គ្រឿង, ទូរស័ព្ទដៃ ចំនួន ១៤៧ គ្រឿង, CPU ចំនួន ៣គ្រឿង, អាគុយទប់​ភ្លើង ចំនួន ២គ្រឿង, តុ ចំនួន ១១តុ, ស៊ីមស្មាត ចំនួន ១៣ស៊ីម, និងអត្តសញ្ញា​ណប័ណ្ណជនជាតិចិន ចំនួន ១សន្លឹក ហើយសូមរំលឹកថាទីតាំងនេះកន្លងមក បានកាត់ផ្តា​ច់ប្រព័ន្ធខ្សែកាបអុបទិចអ៊ីនធើណេត ប៉ុន្តែជនសង្ស័យបានប្រើប្រាស់ស៊ីមកាតជំនួសវិញ

Leave a Reply

Your email address will not be published. Required fields are marked *