បន្ទាយមានជ័យ ៖ ដើម្បីចូលរួមចំណែកឆ្លើយតបជាមួយគ្រោះមហន្តរាយនៅក្នុងមូលដ្ឋានសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង ក្រុមកាកបាទក្រហមសង្កាត់ និងអ្នកស្ម័គ្រចិត្តភូមិ ព្រមទាំងសហការី បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាដូចជា គ្រឿងឧបភោគ បរិភោគ ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥៩គ្រួសារ នៅមូលដ្ឋានសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នេះជាការរួមចំណែកជួយដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់កាកបាទក្រហមកម្ពុជា តែងតែមានមុខក្នុងការជួយដោះស្រាយ នឹងនៅក្បែរបងប្អូនប្រជាពលរដ្ឋជានិច្ច ក្នុងការជួយដោះស្រាយទុក្ខលំបាក ដោយមិនមានការរើសអើង ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយឡើយ។ ជាក់ស្តែងក្រោយពេលដែលបងប្អូនប្រជាពលរដ្ឋទាំង៥៣គ្រួសារ ទទួលរងនូវគ្រោះធម្មជាតិខ្យល់កន្ត្រាក់ សាខាកាកបាទក្រហមក៏បានរៀបចំជាអំណោយសង្គ្រោះបន្ទាន់ភ្លាមៗ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋសម្រាប់បានដោះស្រាយមួយគ្រារ។ ក្នុងនោះអាជ្ញាធរក៏បានចុះដល់មូលដ្ឋានភ្លាម ជួយរុះរើរ រៀបចំផ្ទះជូនបងប្អូនរងគ្រោះភ្លាម ៗព្រមទាំងបានផ្តល់ ស័ង្កសី ផងដែរ។
សូមបញ្ជាក់ថា ពលរដ្ឋដែលរងគ្រោះទាំង៥៩គ្រួសារ(ស្មើរនឹង៥៩ខ្នងផ្ទះ) ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥ គីឡូក្រាម, មី២៥កញ្ចប់, ទឹកស៊ីអ៊ីវ ០១យួរ, ទឹកត្រី០១យួរ រួមនឹងថវិកាមួយចំនួន ។ ក្នុងនោះឯកឧត្តម អ៊ុ រាត្រី ក៏បានផ្តល់សង្ក័សី ចំនួនជាង៩០០សន្លឹក សម្រាប់ជួយជួសជុលផ្ទះបងប្អូនពលរដ្ឋផងដែរ៕

