(បន្ទាយមានជ័យ) ទឹកចិត្តមនុស្សធម៌ និងដើម្បីផ្គត់ផ្គង់ម្ហូបអាហារជូនដល់អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្ត បានមួយពេល លោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ និងព្រះអង្គ ង៉ែត សម្ផស្ស ជំនួយការផ្ទាល់របស់ព្រះវិរៈមុន្នី វ៉ា ចិន្តា ព្រះមេគណខេត្តបន្ទាយមានជ័យ និងជាម្ចាស់អាស្រមវិបស្សនារាម ផ្លូវលេខ៧ ស្ថិតនៅក្នុងភូមិសូភី២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បាននិមន្ត និងអញ្ជើញនាំយកនូវបន្លែចម្រុះប្រមាណជាង៥០០គីឡូក្រាម ទៅប្រគល់ជូនដល់ថ្នាក់ដឹកនាំពន្ធនាគារខេត្តបន្ទាយមានជ័យ និងទទួលដោយលោកវរអគ្គានុរក្សថ្នាក់លេខ២ រ័ត្ន កុសល អនុប្រធានពន្ធគារខេត្តតំណាងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ដើម្បីប្រគល់ជូនចុងភៅ ធ្វើម្ហូបអាហារសម្រាប់ផ្គត់ផ្គង់ដល់អ្នកជាប់ឃុំនៅក្នុងពន្ធធនាគារខេត្ត ។ពិធីនេះធ្វើនៅព្រឹកថ្ងៃអង្គារ៍ ទី២១ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
ជាមួយគ្នានោះលោក យឹម សំណាង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះអង្គ ង៉ែត សម្ផស្ស ម្ចាស់អាស្រមវិបស្សនារាម ផ្លូវលេខ៧ ដែលបានធ្វើការគៀគរ និងនិមន្តបិណ្ឌបាត បានជាបន្លែស្រស់ធម្មជាតិពីបងប្អូនសប្បុរសធម៌ នាពេលនេះមកចែកជូន គឺដើម្បីជាការជួយសម្រួលការផ្គត់ផ្គង់ដល់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារខេត្ត (ផ្នែកម្ហូបអាហារ បានបរិភោគ)បានមួយពេលជូនពួកគាត់។
មានសង្ឃដីកានាឱកាសនោះព្រះអង្គ ង៉ែត សម្ផស្ស និងលោកយឹម សំណាង បានធ្វើការកោតសរសើរនិងវាយតម្លៃចំពោះថ្នាក់ដឹកនាំពន្ធនាគារខេត្ត និងមន្ត្រីក្រោមឱវ៉ាទ ដែលបានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងគោលដៅឲ្យចូលរួមគោរព អនុវត្ត បទបញ្ជាផ្ទៃក្នុងវិធាននានា របស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីត្រៀមចូលមករួមរស់នៅក្នុងសហគមន៍ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់។ជាពិសេសអ្នកជាប់ឃុំទាំងអស់ត្រូវខិតខំថែរក្សាសុខភាព និងបង្កបង្កើតផល និងចូលរួមអនុវត្តឱ្យបានដោយប្រកាន់យកនូវអនាម័យល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ដោយសារអាកាសធាតុមានការប្រែប្រួល។
ក្នុងឱកាសនោះដែរក្នុងនាមតំណាងឲ្យលោកប្រធានពន្ធនាគារខេត្ត លោកវរអគ្គានុរក្សថ្នាក់លេខ២ រ័ត្ន កុសល អនុប្រធានពន្ធនាគារខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក យឹម សំណាង និងព្រះអង្គ ង៉ែត សម្ផស្ស ដែលបាននាំយកអំណោយទាំងនេះជូនដល់អង្គភាពពន្ធនាគារខេត្តយើង ដើម្បីប្រគល់ជូនចុងភៅ ធ្វើម្ហូបអាហារសម្រាប់ផ្គត់ផ្គង់ដល់អ្នកជាប់ឃុំនាថ្ងៃនេះ។
លោកវរអគ្គានុរក្សថ្នាក់លេខ២ រ័ត្ន កុសល សូមជូនពរលោក យឹម សំណាង និងព្រះអង្គ ង៉ែត សម្ផស្ស ព្រមទាំងសប្បុរសជននានាទាំងអស់ ជួបតែសេចក្តីសុខ សុភមង្គល និងបានប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

