ខេត្តកំពង់ចាម៖ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិង លោកជំទាវ ញូង ចរិយា បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសំណេះសំណាល និងប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅវត្តគិរីសោភ័ណ (វត្តភ្នំទែតក្នុង) ដែលស្ថិតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់៖ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក និងលោកអភិបាលនៃគណៈអភិបាលស្រុកចំការលើព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ–អង្គភាពជុំវិញខេត្តជាច្រើនរូប។
នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរ និង លោកជំទាវ ព្រមទាំងមន្ត្រីរាជការ បានសម្តែងនូវការគោរព និងថ្វាយសព្ទសាធុការពរជ័យចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ក្នុងកិច្ចទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងការថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិដ៏ល្អថ្លៃថ្លា។
ក្រៅពីកិច្ចប្រគេនចង្ហាន់ ថ្នាក់ដឹកនាំខេត្តទាំងពីរ ក៏បានសំណេះសំណាលដោយក្តីមេត្រីភាពជាមួយពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំណុះជើងវត្ត ដោយបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។ ថ្នាក់ដឹកនាំខេត្ត ក៏បានបួងសួងសុំឱ្យឆ្នាំថ្មីនេះ នាំមកនូវសេចក្តីសុខ សិរីសួស្តី និងភាពចម្រុងចម្រើនជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម និងទូទាំងព្រះរាជាណាចក្រកម្ពុជាជានិរន្តរ៍៕

