ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន បានក្រុងពាលី សូត្រមន្ត បួងសួងសុំសេចក្តីសុខ និងទទួលទេវតាឆ្នាំថ្មី ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន មានមាតា បិតា ញាតិការទាំង៧ សណ្តាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ នៅសាលាខេត្ត នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២។
ពិធីនេះបានធ្វើឡើងស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ក្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអ្នកតំណាងរាស្ត្រ, ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត, ប្រធានមន្ទីរអង្គភាពនានា មន្រ្តីរាជការជុំវិញខេត្ត និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ចំណុះសាលាខេត្តទាំងអស់ចូលរួមផងដែរ។
រដ្ឋបាលខេត្តប៉ៃលិន តែងតែបានរៀបចំពិធីនេះឡើងជារៀងរាល់ឆ្នាំតាមប្រពៃណីសាសនាដោយមានការបួងសួង ព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តប្រោះព្រំលើករាសី សុំសិរីសួស្តី ជូនដល់ថ្នាក់ដឹកនាំមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តទាំងអស់ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ក្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ក៍បានបួងសួងដល់វត្ថុស័ក្តិសិទ្ធនៅលើលោកនេះ និងទេវតាឆ្នាំថ្មី ដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដពីទេវតាឆ្នាំចាស់ សូមប្រោះព្រំសព្វសាធុការពរជ័យសិរីមង្គលបវរមហាប្រសើរជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់ បានទទួលនូវសុខភាពល្អ សេចក្ដីសុខចម្រើន និងជោគជ័យរាល់ការបំពេញភារកិច្ចក្នុងឆ្នាំថ្មីនេះ។
ពិធីសាសនានេះ ជាការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ និងបង្ហាញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របពេលប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមម្លប់នៃសន្ដិភាព ដែលរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គមដ៏ល្អប្រសើរ និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាទាំងមូលផងដែរ។
សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស ២០២៦ ខាងមុខនេះ គឺនឹងប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៤–១៥និង ១៦ ខែមេសា ឆ្នាំ២០២៦ ដោយមានទេពធីតា ព្រះអង្គជាមគ្គនាយិកា ព្រះនាម «រាក្យសាទេវី» ជារាជបុត្រីទី៣នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ ខ្មៅ លម្អនៅព្រះកាណ៌ដោយ សៀតឈូក អភរណៈ កែវមនោរា ភក្សាហារទ្រង់ លោហិត (ឈាម) ព្រះហស្តស្តាំ ទ្រង់ធ្នូ ព្រហស្តឆ្វេង ទ្រង់ត្រីសូល៍ ទ្រង់គង់ឈរបើកព្រះនេត្រលើខ្នងមនោម័យ (សេះ) ជាមគ្គពាហនៈ៕

