ខេត្តបន្ទាយមានជ័យ៖ផ្ទះតៀមថ្មីមួយខ្នង មានទំហំទទឹង ៤ម៉ែត្រ បណ្ដោយ ៧ ម៉ែត្រ កម្ពស់ ៣,៨ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ផ្ទាល់ដី ចំណាយថវិកាអស់ ១០ ៣៧៧ ១០០៛ សាងសង់ដោយសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ជាមូលនិធិសាខា ត្រូវបានធ្វើ ពិធីប្រគល់ជូន គ្រួសារឈ្មោះ ឃឹម អូន ភេទស្រី អាយុ ៦៩ឆ្នាំ រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ។គ្រួសារនេះរស់នៅក្នុងសភាពក្រីក្រ ហើយផ្ទះត្រូវរងគ្រោះដោយសារកូនប្រុសបែកថ្នាំ ចាក់សាំងដុតបំផ្លាញ ហើយមានបន្ទុកក្នុងគ្រួសារចំនួន ៥នាក់ ស្រី៣នាក់។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ចូលរួម នៃការបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ ដោយទង្វើ របស់កូនប្រុសញៀនថ្នាំបានបំផ្លិចបំផ្លាញធ្វើឲ្យគ្រួសារគាត់ជួបនូវទុក្ខលំបាក ប៉ុន្តែដោយមានការចូលចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន ពិសេសកាកបាទក្រហមបានចុះជួយ សម្រាលនូវភាពលំបាកបានទាន់ពេលវេលា ជាក់ស្ដែងផ្ទះថ្មី ១ខ្នងនេះ គឺជាផ្ទះមនុស្សធម៌ ដែលមានលក្ខណៈសមរម្យ រឹងមាំ អាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិត ហើយគិតមកដល់ពេលនេះសាខាកាកបាទក្រហមបានអនុវត្តសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ចំនួន២៥ខ្នងរួចមកហើយ នេះគឺជាផ្ទះទី ២៥ នៃការអនុវត្តគម្រោងសាងសង់ជូនគ្រួសារក្រីក្រខ្វះជម្រកស្នាក់នៅ ពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានដឹកនាំ។ ក្រៅពីការផ្ដល់ជូនផ្ទះជូនលោក ស្រ ឃឹមអូន ក្នុងឱកាសនេះផងដែរ ក៏បានផ្តល់ជូននូវអំណោយមនុស្សធម៌ សម្រាប់គ្រួសារក្រីក្រ១៥នាក់ និងស្ត្រីមានផ្ទៃពោះ១៤នាក់ លោកតា លោកយាយចូលរួម ១៥នាក់ ក្នុងនោះគ្រួសារ ក្រីក្រម្នាក់ៗ ទទួលបាន អង្ករ២៥Kg មីខ្លាឃ្មុំ25កញ្ចប់ ទឹកត្រី1យួរ ទឹកស៊ីអ៊ីវ1យួរ មុង1 ភួយ1 ថវិកាមួយចំនួន ស្ត្រីមានផ្ទៃពោះទទួលបានកញ្ចប់សុខភាពអនាម័យ1កញ្ចប់ អ្នកចូលរួម15នាក់ម្នាក់ៗទទួលបាន សារុង1 ក្រមា1 ថវិកាមួយចំនួន ដោយឡែកគ្រួសារទទួលបានផ្ទះថ្មី បានបន្ថែមអំណោយរួមមាន អង្ករ 50គីឡូក្រាមត្រីខ10កំប៉ុង មីជាតិ1កេសតូច ទឹកត្រីយួរ1យួរ ទឹកស៊ីអ៊ីវ1យួរ មុង1 ភួយ1 ទឹកសុទ្ធ1កេស សារុង1 ក្រមា1 ធុងទឹក60លីត្រ 1 ឆ្នាំង 2 ចានបាយ5 ស្លាបព្រា5 និងថវិកា 10មុឺនរៀល។ ក្នុងនោះលោកជំទាវនួម សុភ័ណ្ឌ ជាអនុប្រធានកិត្តិយសសាខា បានផ្តល់ថវិកាបន្ថែមចំនួន ២០ម៉ឺនរៀលទៀតផងដែរ៕

