ព័ត៌មានជាតិ

អភិបាលខេត្តកំ​ពង់ចាម បានថ្លែងថា យើងជួបជុំគ្នា​ដោយក្តីរីករាយ​ក្រោមម្លប់សន្តិភាព​ ខណៈទទួល បានព្រះវិ​ហារថ្មី កម្ព​ស់២ជាន់ ក្នុងតម្លៃជាង​៩៨ម៉ឺនដុល្លារ

ខេត្តកំពង់ចាម៖ អភិបាលនៃគណៈ​អភិបាលខេត្តកំ​ពង់ចាម ឯកឧត្តម អ៊ុន ​ចាន់ដា បានថ្លែងថា ថ្ងៃ​នេះ យើ​ងជួបជុំគ្នា​ដោយក្តីសប្បា​យរីករាយ​ក្រោមម្លប់​សន្តិភាព ខណៈទទួលបានសមិទ្ធផលថ្មី គឺ ការសាង​សង់ព្រះវិហារ កម្ពស់២ជាន់ បណ្តោយ៤៤ម៉ែត្រ ទទឹង១៨ម៉ែត្រ ដែលគ្រោងចំណា​យទឹកប្រាក់សរុ​បចំនួន ៩៨៦,៩២៥ដុល្លារ។ ការថ្លែង​បែបនេះក្នុង​ពិធីបញ្ចុះបឋមសិលា សាងសង់​ព្រះ​វិហារ នៅវត្តសុទ​ស្សនារាមជ្រោយថ្ម ស្ថិត​នៅក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម​ នាព្រឹក​ថ្ងៃទី​២២​ ខែឧសភា​ ឆ្នាំ​២០២៥​ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សមិទ្ធផលខាងលើនោះ គឺផ្តើមចេញ ដោយកត្តា ប្រទេសជាតិយើងមានសុខសន្តិភាព ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង មានឱកាស ពេញលេញ ក្នុងកា​រប្រកបមុខរបរទទួលទាន មានបាន មានជីវភាពធូរធារ ទើបមានថវិកាគ្រប់គ្រាន់ ដើម្បីចូលរួម​ជាបច្ច័យ ដោយសទ្ធាជ្រះថ្លា តាមរយៈព្រះចិត្តវិមុត្តិ សេខ ឧត្តមបញ្ញា ព្រះចៅអធិកា​រវត្តសុទស្សនា​រាមជ្រោយថ្ម ដើម្បីកសាងព្រះវិហារថ្មី ដែលមានតម្លៃរហូតដល់ទៅ ជាង ៩៨ម៉ឺនដុល្លារ​អាមេរិកនេះ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ចំពោះការកសាងព្រះវិហារ ដែលជាសមិទ្ធផលដ៏ធំ ហើយ ល្អស្អាតនេះគឺ ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនាផង ហើយក៏ជាការចូលរួមលើកកម្ពស់ សោភ​ណ​ភាពក្នុងទីក្រុង ឱ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍ ដែលអាចទាក់ទាញដល់ភ្ញៀវ ទេសចរណ៍ ឱ្យចូលមកទស្សនាកម្សាន្តទៀតផង ព្រោះកន្លងមកមានភ្ញៀវទេសចរណ៍បរទេសចូល មកខេត្តកំពង់ចាមតាមផ្លូវទឹក ហើយក៏បានចូលមកទស្សនាវត្តបូរាណរបស់យើង នៅតាមបណ្តា ស្រុកមួយចំនួនផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូន ប្រជាព​លរដ្ឋ សូមជំរុញកូនចៅឱ្យខិតខំសិក្សារៀនសូត្រ និងអប់រំកូនចៅកុំឱ្យសេពគប់មិត្ត មិនល្អ ជាក្រុម​បង​តូច បងធំ ឬបញ្ហាគ្រឿងញៀនជាដើម ហើយត្រូវគោរពច្បាប់ចរាចរទៀតផង ជាពិសេស​ត្រូវបន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ព្រោះស្ថានភាពនៃការចម្លងវីរុស កូវីដ១៩ នៅតែបន្តមាននៅឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *