(បន្ទាយមានជ័យ) ការរួបរួមសាមគ្គីគ្នា ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល គណៈធម្មយុត្តិកនិកាយ ខេត្តបន្ទាយមានជ័យដឹកនាំដោយអគ្គធម្មោបញ្ញា ង៉ែត សម្ផស្ស ជំនួយការផ្ទាល់របស់ព្រះវិរៈមុន្នី វ៉ា ចិន្តា ព្រះមេគណខេត្តបន្ទាយមានជ័យ និងជាម្ចាស់អាស្រមវិបស្សនារាម ផ្លូវលេខ៧ ស្ថិតនៅក្នុងភូមិសូភី២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងញាតិញោមសប្បុរសជនបាននិមន្តនិងអញ្ជើញចុះសួរសុខទុក្ខ និងនាំយកទឹកសុទ្ធ ប្រមាណជាង ៨០០យួរ និងគ្រឿងទេសមួយចំនួន..ដែលបានមកពីការនិមន្តបិណ្ឌបាតកៀរគរពីសប្បុរសជន ពីទីជិត ទីឆ្ងាយ ក្នុងស្រុក និងក្រៅស្រុក យកចែកជូនដល់វីរៈកងទ័ពឈរជើងជួរមុខនៅទិសស្រុកសំឡូត ខេត្តបាត់ដំបងដោយផ្ទាល់ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
ទន្ទឹមជាមួយគ្នានោះព្រះអង្គ ង៉ែត សម្ផស្ស បានសង់ដីការបញ្ជាក់ថា៖ ការចែកទឹកសុទ្ធ និងគ្រឿងទេសមួយចំនួនជូននាពេលនេះ គឺដើម្បីជួយសម្រាលទុកដល់ថ្នាក់ដឹកនាំ ហើយក៏ជាផ្នែកមួយដែលយើងមិនអាចភ្លេចបានក្នុងការជួយគាំទ្រវីរៈកងទ័ពឈរជើងជួរមុខ និងក៏ដូចជាការជួយសម្រាលបន្ទុកបានមួយគ្រា។ ម្យ៉ាងវិញទៀតសកម្មភាពនេះទាំងពុទ្ធចក្រ និងអាណាចក្រ បានឆ្លុះបញ្ចាំងអោយឃើញពីសមានចិត្តដ៏ប្រពៃថ្លៃថ្លា ដែលជាទំនៀមទម្លាប់របស់កូនខ្មែរយើង។
អគ្គធម្មោបញ្ញា ង៉ែត សម្ផស្ស បានមានសង់ដីការថ្លែងអំណរអរគុណដល់សប្បុរសជន ពីទីជិត ទីឆ្ងាយ ក្នុងស្រុក និងក្រៅស្រុក។ជាពិសេសញាតិញោមជាអាជីវករលក់ដូរ ដែលតែងតែគោរពនៅវិស័យព្រះពុទ្ធសាសនា….ក្នុងការឧបត្ថម្ភជាសម្ភារៈជាគ្រឿងឧបភោគ បរិភោគច្រើនមុខ ក្នុងការជួយគាំទ្រដល់វីរៈកងទ័ពដែលឈរជើងនៅជួរមុខនាពេលនេះ។ ជាក់ស្តែងដើម្បីជាការឆ្លើយតបតាមការសំណូមពរ ដែលជាតម្រូវការចាំបាច់ របស់វីរៈកងទ័ពឈរជើងជួរមុខផងដែរ៕

