ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារផ្នែកសុខាភិបាល នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំការងារផ្នែកសុខាភិបាល ក្រុម «ឋ» នៃវេទិការាជរដ្ឋាភិបាល–ផ្នែកឯកជន នៅទីស្តីការក្រសួងសុខាភិបាល។
នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនថា វិស័យឯកជនជាដៃគូដ៏សំខាន់សម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល។ សុខភាព ជាទ្រព្យសម្បត្តិមួយមិនអាចកាត់ថ្លៃបាន ដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ ហើយដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុត។ ក្រសួងសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការបម្រើសេវាសុខាភិបាល ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស័ក្តសិទ្ធភាព និងសមធម៌ដើម្បីជំរុញ និងបង្កើនទំនុកចិត្តពីប្រជាជន។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាល កំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពសាធារណៈជាអាទិភាព៖ ១) គ្រប់គ្រងជំងឺឆ្លង និងជំងឺរ៉ាំរ៉ៃ រួមមានជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ២) បន្តពង្រឹងគុណភាព នៃការបណ្តុះបណ្តាល ដើម្បីធានាឱ្យបាននូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងសុវត្ថិភាព ៣) បន្តពង្រឹងគុណភាពឱសថ ដោយបានធ្វើការត្រួតពិនិត្យ និងតាមដានឱសថ នៅលើទីផ្សារជាប់ជាប្រចាំ ៤) ពង្រឹងការផ្តល់សេវាកម្មឱ្យបានឆាប់ទាន់ពេល ត្រឹមត្រូវ ប្រកបដោយភាពរលូន។
ក្នុងនោះដែរ ឯកឧត្តមឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង តំណាងវិស័យឯកជន បានសំដែងការកោតសសើរដល់ក្រសួងសុខាភិបាល ដែលសម្រេចបានជាសមិទ្ធិផលយ៉ាងធំធេង ពិសេសរយៈពេលចុងក្រោយនេះ។
ឯកឧត្តមឧកញ៉ាវេជ្ជបណ្ឌិត ពិនិត្យឃើញថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល បានកំពុងបំពេញការងារនិយ័តកម្មយ៉ាងសកម្ម និងដោយម៉ឺងម៉ាត់ ច្បាស់លាស់ ជំរុញការងារអនុវ៊ត្តស្របតាមបទដ្ឋាននានា និងបានធ្វើការផ្តល់សេវាជូនវិស័យឯកជនបានកាន់តែល្អប្រសើរផងដែរ៕

