បន្ទាយមានជ័យ៖ ដើម្បីបំពេញតម្រូវការ និងតាមការស្នើរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានផងនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់តាំងអោយអង្គភាពគ្រប់គ្រង កម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ដឹកនាំដោយលោក ទិត្យ សុផា អគ្គាធិការង និងជានាយកកម្មវិធី ដែលមានការអញ្ជើញចូលរួមពីលោក ស្រីប្រធានគ្រប់គ្រងកម្មវិធី មន្ត្រីនៃអង្គភាពគ្រប់គ្រងកម្មវិធីថ្នាក់ជាតិ (PMU) ក្រុមទីប្រឹក្សាអនុវត្តកម្មវិធីថ្នាក់ជាតិ (PIC) រួមជាមួយលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពកម្មវិធី អភិវឌ្ឍន៍និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅក្នុងឃុំតាគង់ ស្រុកម៉ាឡៃ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។
លោក ជា យុទ្ឋារុណ បានមានប្រសាសន៍បញ្ជាក់ថា៖ ការចុះពិនិត្យវឌ្ឍនភាពកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព នៅឃុំតាគង់ ស្រុកម៉ាឡៃ។ក្រសួងអភិវឌ្ឍន៍ជនបទបានផ្តល់ជូនប្រជាពលរដ្ឋក្នុងឃុំតាគង់មាន៖
១-ស្តារស្រះសហគមន៍បំពាក់ប្រព័ន្ធចម្រោះចំនួន៦
២-ផ្តល់ពាងត្រងទឹកភ្លៀងចំណុះ១ ០០០លីត្រ ចំនួន៣ ៦២៥ពាង
៣-អណ្តូងស្នប់ចំនួន៣៤
៤-អណ្តូងខួងបំពាក់ម៉ីទ័របូមប្រើសូឡាចំនួន១
៥-ធុងជ័រស្តុកទឹកភ្លៀងចំណុះ១០ ០០០លីត្រចំនួន១៤
៦-បង្គន់អនាម័យសាធារណៈតាមសាលារៀនចំនួន២ខ្នង (១០បន្ទប់)
៧-បង្គន់អនាម័យតាមគ្រួសារចំនួន ១៣៣គ្រួសារ។
ទន្ទឹមគ្នាជាមួយនឹងការចុះពិនិត្យនោះលោក ទិត្យ សុផា អគ្គាធិការង និងជានាយកកម្មវិធី បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសទាំងអស់ និងក្រុមហ៊ុនសាងសង់ ឲ្យខិតខំជំរុញការងារសាងសង់ទៅតាមជំនាញស្របទៅតាមស្តង់ដា និងមានគុណភាពខ្ពស់ប្រើប្រាស់បានយូរអង្វែង ផែនការដែលបានកំណត់ ជាលទ្ធផលបច្ចុប្បន្នការអនុវត្តការងារបានប្រមាណ ៩០%។
ក្នុងឱកាសនោះដែរ លោក ទិត្យ សុផា ក៏បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាលោកយាយ លោកតា បងប្អូន កូនក្មួយ ទាំងអស់ត្រូវមានជំនឿលើសម្ដេច ក្នុងការអភិវឌ្ឍន៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទគ្រប់ប្រភេទ ជាពិសេសការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ នៅសមិទ្ធផលរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានោះលោក ទិត្យ សុផា សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាសមិទ្ធផល ដែលទទួលបានថ្មីនេះ តាមរយៈការសម្អាតបរិស្ថាន ដឹងថែទាំឱ្យបានគង់វង្សយូរអង្វែង។ពិសេសសូមចូលរួមផ្តល់ការសហការណ៍ និងជម្រុញកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាពបន្តទៀត៕

