ខេត្តកណ្តាល៖យ៉ាងហោចណាស់មនុស្ស ១នាក់បានបាត់បង់ជីវិត និង២នាក់ទៀតបានរងរបួសធ្ងន់ –ស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏ដែលបង្កឡើងដោយរថយន្តចំនួន៣គ្រឿង បានបុកបន្តគ្នា រួចជ្រុលទៅបុកអ្នកថ្មើជើងម្នាក់ កាលពីវេលាម៉ោង ០៦និង៣៥នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ21 ស្ថិតក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកTOYOTA PRIUS ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CE-7731 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់) ត្រូវបានសាច់ញ្ញាតិ បញ្ជូនទៅមន្ទីរពេទ្យ មុនលសមត្ថកិច្ចទៅដល់ ដោយបើកបរក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ ក៏បានប៉ះជាមួយរថយន្តមួយគ្រឿងទៀត ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-7838 ឯរថយន្ត Hyundai ក៏ជ្រុលទៅបុកអ្នកដំណើរថ្មើជើងម្នាក់ដែលកំពុងដើរលើចិញ្ចើមផ្លូវខាងកើត ជាស្ត្រីវ័យចំណាស់ឈ្មោះ តេង តូច អាយុ៨៤ឆ្នាំ (ស្លាប់ភ្លាមៗនៅនឹងកន្លែង ) និងមានលំនៅដ្ឋានក្មុងភូមិឃុំ កើតហេតុ ។ឯអ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ(បានចុះរត់គេច ចោលរថយន្ត ) ដោយបើកបរក្នុងទិសដៅ ពីត្បូងទៅជើង ។ចំនែកឯរថយន្តម៉ាក TOYOTA PRIUS នៅមិនទាន់អស់ល្បឿនក៏បានរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាក ម៉ាស្តាពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI 4848 បើកបរដោយឈ្មោះ ជួន យី ភេទប្រុស អាយុ៣៧ឆ្នាំ (រងរបួសស្រាល) មុខរបរ ជាងភ្លើង បើកបរក្នុងទិសដៅពីត្បូងទៅជើង ដោយមានអ្នករួមដំណើរជាក្រុមគ្រួសារប្រពន្ធនិងកូនចំនួន០៥នាក់ មិនរងរបួសទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះអន្តរាគម៍ ពិនិត្យវាស់វែង និងបានយកវត្ថុតាង រថយន្តទាំង៣គ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

